A Journey To Orm Pil Mountain — ដំណើរផ្សងព្រេងទៅកាន់ភ្នំអំពិល

Dear Diary
3 min readOct 18, 2022

ភ្នំអំពិល គឺជាកន្លែងកំសាន្តបែបព្រៃភ្នំ មិនសូវមានអ្នកស្គាល់ មិនទាន់អភិវឌ្ឍន៍អោយទៅជារមណីយដ្ធាន។ គេនិយមមកទីនេះគឺដើម្បីមើលផ្កាចាហួយ ដែលផ្កានេះមានតែក្នុងខែវស្សាប៉ុណ្ណោះហើយចាប់ផ្តើមផ្កាពីខែសីហាទៅ។
ភ្នំអំពិល ស្ថិតនៅភូមិពាក់ស្នែង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ មានចម្ងាយ 50គីឡូមែត្រពីក្រុងសៀមរាប។

ដើម្បីធ្វើដំណើរទៅកាន់ទីនោះ គឺយើងអាចជិះឡាន ជិះម៉ូតូ រឺក៏ជិះទុកទុក។ សម្រាប់ខ្ញុំ គឺខ្ញុំបានជ្រើសរើសយកជិះទុកទុក.. តិចឃើញក្របីអី គិតថាខ្ញុំជិះក្របីទៅ។ ហាហា xD

  • សម្រាប់មធ្យោបាយទុកទុក គឺមានតម្លៃ 30$ក្នុងមួយថ្ងៃ។
    ប៉ុន្តែយើងមិនអាចជិះទៅដល់កន្លែងដែរយើងត្រូវលេងបានទេ។ នៅពេលដែលយើងជិះទៅដល់ភូមិ គឺត្រូវឈប់នៅទីនោះហើយរកមធ្យោបាយធ្វើដំណើរផ្សេងទៀត។ ព្រោះផ្លូវមានសភាពពិបាកខ្លាំង។
  • សម្រាប់ម៉ូតូគឺអាចជិះឡើងទៅដល់កន្លែងលេងបាន។
  • សម្រាប់ឡាន ខ្ញុំគិតថាទាល់តែ 4x4 or Off-road ទើបអាចទៅរួច។

នៅពេលដែលទៅដល់ភូមិ គឺយើងមានមធ្យោបាយ 2សម្រាប់ធ្វើដំណើរបន្ត:

  • បើសិនជាទៅម្នាក់ឯង រឺត្រឹម 2ទៅ3អ្នក អ្នកទាំងអស់គ្នាគួរតែជ្រើសរើសយកមធ្យោបាយម៉ូតូ។ គឺយើងត្រូវជួលម៉ូតូអ្នកភូមិអោយគាត់ជូនឡើងទៅកន្លែងលេង។ រីឯថវិកា អ្នកទាំងអស់គ្នាអាចចរចារជាមួយអ្នកភូមិបាន។ ពូម៉ូតូដែលឌុបខ្ញុំ គាត់ថាអោយប៉ុន្មានក៏បានអញ្ចឹងខ្ញុំក៏ជូនគាត់ 15$។
  • បើសិនជាទៅគ្នាច្រើន អ្នកភូមិនឹងយកគោយន្តមកជូនដើរលេង។ គោយន្តមួយមានតម្លៃពីដប់ទៅដប់ពីរមុឺនរៀល ហើយអាចជិះបានរហូតដល់ 12អ្នក។

ទេសភាពតាមដងផ្លូវគឺស្អាតខ្លាំង តែផ្លូវអត់ទេ…តិចទៀតដឹងហើយ។ :D

កន្លែងនេះគេហៅថា ’’ថ្មបីជាន់’’។ មានអ្នកមីងម្នាក់មានផ្ទះនៅទល់មុខនេះ គាត់រួសរាយ ចិត្តល្អ ហើយគាត់ជាអ្នករកម៉ូតូអោយខ្ញុំជិះ។ ^o^

អ្នកភូមិនៅទីនេះប្រកបរបរតែធ្វើចម្ការមួយមុខទេ។ គេនិយមដាំស្វាយចន្ទី ដំឡូងមី និងសណ្តែក។

ចង់និយាយថាលង់ស្នេហ៍នឹងធម្មជាតិនៅទីនោះខ្លាំងណាស់។ *o*

ដំឡូងមីដែលអ្នកភូមិដាំនៅនឹងជើងភ្នំ។ ពូម៉ូតូបានប្រាប់ថាប្រមូលផលលើកនេះ ដំឡូងស្រស់លក់បានមួយគីឡូ 390រៀល (ឆ្នាំ2018)។

ដើមឈើធំៗហ្នឹងគឺ ដើមស្វាយចន្ទី។ (ខ្ញុំធ្លាប់ដើរព្រៃភ្នំគូលេន លើភ្នំអ្នកភូមិដាំស្វាយចន្ទីច្រើនហិចតាណាស់ ហើយទទួលបានចំណូលខ្លាំងគួរសមដែរ… បែបនឹកស្មានមិនដល់)
សម្រាប់នៅទីនេះ អ្នកភូមិគាត់ប្រាប់ថា គាត់លក់មួយគីឡូបាន 6800រៀល។ មិនមែនធ្វើជំរឿន GDP អីទេ។ គ្រាន់តែចង់ដឹងអំពីរបៀបរស់នៅតាមតំបន់។ ហាហា XD

ទែន ទែន!! ឃើញទេ ? ប្រាប់ហើយថាផ្លូវអត់ស្អាតទេ។ នេះគ្រាន់តែជាដំណាក់កាលទី1ទេ។ នៅច្រើនទៀត។ ពេលដើរមិនអីទេ មកសណ្ធាគារវិញទើបដឹងថាទ្រោមខ្លួន។ X’D

មកដល់ហើយ! ជិះមកយូរគួរសមទម្រាំបានមកមើលផ្កាចាហួយ។ *o*

អត់មានឃើញផ្កាចាហួយទេមែនទេ ??

មកខុសពេល… មានមនុស្សអត់ចិត្តមួយចំនួននាំគ្នាមកចាក់ធុងបាស សុីផឹក រាំលើភ្នំហើយនាំគ្នាបេះផ្កាយកទៅ.. មិនមែនបេះបែបស្រលាញ់ទេ គឺបេះបែបបំផ្លាញ។ :’)
ទោះបីជាមានផ្លាកសញ្ញាហាមឃាត់ថា “ហាមបេះផ្កា’’ “ការបេះផ្កា គឺជាទង្វើបំផ្លាញសម្រាប់ធម្មជាតិ’’ ក៏ពួកគាត់នៅតែបេះមិនប្រណីដៃ។ បើស្រលាញ់ផ្កា ហេតុអីក៏បេះវា ? </3

នេះនែ! នេះគឺផ្កាចាហួយ។ ពេលដែលផ្កានៅច្រើន គឺស្អាតខ្លាំងណាស់! មើលទៅត្រជាក់ភ្នែកតែម្តង។ ❤_❤

ជាចុងក្រោយ បន្ទាប់ពីចុះពីភ្នំមក អ្នកទាំងអស់គ្នាអាចមកញុំាបាយនៅផ្ទះអ្នកភូមិបាន។ ដោយមុនពេលឡើងភ្នំ គឺត្រូវប្រាប់អ្នកភូមិអោយគាត់ធ្វើបាយអោយញុំា ឬក៏ខ្ចប់ម្ហូបទៅខ្លួនឯងក៏បាន។
សម្រាប់ខ្ញុំ គឺខ្ញុំបានសុំអោយអ្នកមីងដែលមានផ្ទះនៅមុខថ្មបីជាន់ធ្វើបាយអោយញុំា។ សម្រាប់តម្លៃ អ្នកមីងប្រាប់ថាប៉ុន្មានក៏បាន អញ្ចឹងខ្ញុំក៏ជូនគាត់ពីរមុឺនរៀលសម្រាប់សម្លមួយមុខ បាយមួយចាន។ គាត់ដួសបាយ សម្លមកច្រើនខ្លាំង ខ្ញុំចាប់ចេញ ហើយញុំាតែបន្តិច គាត់ក៏ថាខ្ញុំញាំតិចជាងឆ្មាគាត់ទៀត។ :)))

ពេលដែលខ្ញុំលាគាត់ត្រលប់មកវិញ គាត់ក៏បានអោយចេកខ្ញុំមួយស្ទង។ ធ្វើម៉េចទេ.. បើយើងរួសរាយហើយ Charming យ៉ាងហ្នឹង។ ថាលេងទេ.. xD

តែចង់ប្រាប់ថាអ្នកមីងម្នាក់នេះគឺចិត្តល្អខ្លាំងណាស់។ ❤

ភ្នំអំពិលអាចនឹងមិនមានអីលេងក្រៅពីទៅមើលថ្មហោះ និងផ្កាចាហួយ ប៉ុន្តែសម្រាប់ Adventurer និងអ្នកដែលស្រលាញ់ធម្មជាតិ… You shouldn’t miss this place!

អរគុណសម្រាប់ការចូលអាន! ❤

--

--

Dear Diary
0 Followers

A bookworm and a traveler who is passionate about exploring and putting things into words.